Knowledge

គន្លឹះ​សំខាន់​អំពីការ​​​សម្ភាស​ការងារ!

បទ​សម្ភាស​អាច​ជា​ដំណាក់​កាល​ទី​ពីរ​ក្នុង​ការ​ស្វែង​រក​ការងារ​ បន្ទាប់​ពី​អ្នក​ត្រូវ​បាន​ជម្រុះ​ដោយ​ការ​ពិនិត្យ​មើល​ប្រវត្តិ​រូប​សង្ខេប ​ (CV) ​ជាមួយ​បេក្ខជន​ដទៃ​រួច​ហើយ​នោះ។ ​ចំពោះ​អ្នក​ធ្លាប់​ ឆ្លង​កាត់​ការ​សម្ភាស​ច្រើន​ដង​ គេ​អាច​​ប្រមូល​អារម្មណ៍​​បាន​ល្អ​ ក្នុង​ការ​ឆ្លើយ​សំណួរ​ទាំង​ឡាយ​​ឲ្យ​បាន​ត្រឹម​ត្រូវ។ ​ដោយ​ឡែក​ ប្រសិន​បើ​អ្នក​មិន​ធ្លាប់​ទទួល​បាន​ការ​សម្ភាស​ពី​មុន​មក​ ការ​គ្រប់​គ្រង​អារម្មណ៍​ និង​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​ ជា​រឿង​ដែល​​មិន​អាច​មើល​រំលង។ ​ខាងក្រោម​នេះ ​ជា​​អ្វី​ដែល​អ្នក​គួរ​យល់​ដឹង ​មុន​ ​អំឡុង និង​ក្រោយ​ពេល​សម្ភាស​។
មុន​ពេល​សម្ភាស
  • ត្រូវ​ឲ្យ​ច្បាស់​ថា​រាល់​ព័ត៌មាន​នៅ​ក្នុង​ CV ​របស់​អ្នក​បាន​កែ​សម្រួល​ជាមួយ​ព័ត៌មាន​ថ្មីៗ​អំពី​អ្នក
  • អ្នក​ត្រូវ​សិក្សា​ពី​ប្រវត្តិ​ខ្លះៗ​របស់​ក្រុមហ៊ុន​ដែល​អ្នក​ដាក់​ពាក្យ
  • ត្រៀម​សំណួរ​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ការងារ​ និង​ក្រុមហ៊ុន​ដែល​អ្នក​ដាក់ពាក្យ​សម្រាប់​សួរ​នៅ​ក្នុង​កិច្ច​សម្ភាស
  • អនុវត្ត​និយាយ​ឲ្យ​បាន​ច្បាស់ និង​មាន​អំណះអំណាង​ត្រឹម​ត្រូវ​ពាក់ព័ន្ធ​នឹង​ការ​សិក្សា និង​ប្រវត្តិ​ការងារ​របស់​អ្នក
  • អនុវត្ត​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ និង​ត្រឹមត្រូវ​តាម​ប្រភេទ​ការងារ​ដែល​អ្នក​ចង់​ធ្វើ
  • ហាត់​សម​​ឲ្យ​បាន​ច្រើន​មុន​ពេល​សម្ភាស​ដោយ​និយាយ​ជាមួយ​ខ្លួន​ឯង​ក្នុង​កញ្ចក់​ជាដើម
  • ត្រូវ​ទៅ​ស្គាល់​កន្លែង​សម្ភាស​ឲ្យ​ហើយ ​ដើម្បី​ជៀសវាង​ទៅ​ដល់​​យឺត​ពេល​នៅ​​ថ្ងៃ​សម្ភាស​​ដោយ​មិន​ស្គាល់​ទីតាំង
  • គេង​ឲ្យ​បាន​គ្រប់​គ្រាន់​​មុន​ថ្ងៃ​សម្ភាស​មួយ​ថ្ងៃ
ថ្ងៃ​សម្ភាស
  • ស្រស់​ស្រូប​អាហារ​សម្រន់​បន្តិច​មុន​ទៅ​សម្ភាស
  • មិន​ត្រូវ​បាញ់​ទឹក​អប់​ដែល​មាន​ក្លិន​ខ្លាំង​ពេក​នោះ​ទេ
  • ចេញ​ដំណើរ​ឲ្យ​បាន​មុន​ម៉ោង​បន្តិច​ដើម្បី​ជៀសវាង​ការ​យឺតយ៉ាវ
អំឡុង​ពេល​សម្ភាស
  • បិទ​ទូរស័ព្ទ​ ឬ​ដាក់​ញ័រ
  • មិន​ត្រូវ​ទំពា​ស្ករ​កៅស៊ូ​នោះ​ទេ
  • ជម្រាប​សួរ ឬ​ចាប់​ដៃ​អ្នក​ធ្វើ​សម្ភាស​ដោយ​ស្នាម​ញញឹម និង​​ភាព​ម៉ត់ចត់
  • ស្ដាប់​សំណួរ​ឲ្យ​បាន​ច្បាស់​ឆ្លើយ​ឲ្យ​ចំ​សំណួរ​តាម​ការ​​ចង់​បាន ​មិន​វែង​ពេក ​មិន​ខ្លី​ពេក​ និង​សម្លឹង​កែវ​ភ្នែក​អ្នក​ដែល​សួរ​សំណួរ​មក​អ្នក​រាល់​ពេល​ឆ្លើយ​សំណួរ
  • សម្ដែង​ចំណាប់​អារម្មណ៍​លើ​មុខ​ដំណែង​របស់​អ្នក
  • ជៀសវាង​ការ​ប្រើ​កាយវិការ​ឆ្ការ​ដៃ​ ឆ្ការ​ជើង​ហួស​ហេតុ
  • ជៀសវាង​ការ​និយាយ​កាត់​សម្ដី​អ្នក​ធ្វើ​សម្ភាស
  • មិន​ត្រូវ​ផ្ដោត​សំខាន់​លើ​រឿង​ប្រាក់​ខែ​ពេក​ទេ
  • ត្រូវ​កត់​ត្រា​រាល់​សំណួរ​ដែល​អ្នក​បាន​សួរ​​ទៅ​អ្នក​ធ្វើ​សម្ភាស
  • នៅ​ចុង​បញ្ចប់​ត្រូវ​ចាប់​ដៃ ​ឬ​ជម្រាបលា ​ញញឹម និង​សម្ដែង​​ពី​ចំណាប់​អារម្មណ៍​របស់​អ្នក​ដោយ​និយាយ​នូវ​ពាក្យ​ដូចជា “​ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​ឱកាស​បាន​ធ្វើការ​រួម​គ្នា​នៅ​ពេល​ឆាប់ៗ​ជាមួយ​ អ្នក” ជាដើម
បន្ទាប់​ពី​ការ​សម្ភាស
  • អ្នក​អាច​ផ្ញើ ​អ៊ីមែល ​ថ្លែង​អំណរ​គុណ​អ្នក​ធ្វើ​សម្ភាស ​និង​បញ្ជាក់​​ជំនឿ​ចិត្ត​របស់​អ្នក
នេះ​គ្រាន់​ជា​ គន្លឹះ​មួយ​ចំនួន​ប៉ុណ្ណោះ សង្ឃឹម​ថា​​ ​ប្រិយមិត្ត​​​ទទួល​បាន​ជោគ​ជ័យ​​លើ​ការ​ទទួល​បាន​ការ​ងារ៕

 ១០​ចំណុច​ស្វែង​​យល់​​ពី​ទំនាក់ទំនង!​

ការ​ចំណាយ​ពេល ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដទៃ ​នៅ​ខាង​ក្រៅ​ អាច​ជា​ការ​លំបាក​ និង​មួយ​វិញ​ទៀត ​បើ​សិន​ ​អ្នក​ជា​អ្នក​ជំនួញ ​ឬ​ជា​និស្សិត​សិក្សា​ច្រើន​កន្លែង​​នោះ  ​ពិត​ជា​មាន​ការ​លំបាក​​ខ្លាំង​ថែម​ទៀត​​ ក្នុង​ការ​ឆ្លៀត​ពេល​​ដើម្បី​​ធ្វើ​រឿង​នេះ​។
បើ​រវល់​ម្ល៉ឹង​ៗ ​ម៉េច​ចាំបាច់​ចំណាយ​ពេល​​ទទេ​ៗ​ធ្វើ​អី?​ ជឿ​ថា​ប្រិយមិត្ត​ទាំង​អស់​ ប្រាកដ​ជា​បាន​ដឹង​រួច​ហើយ​ថា រាល់​ការ​ធ្វើ​អ្វី​មួយ ​តែង​មាន​ការ​លំបាក​ និង​ផល​ប្រយោជន៍​ជា​រឿង​​ធម្មតា។​ ការ​ធ្វើ​ទំនាក់ទំនង ​ក៏​ដូច​គ្នា​នេះ​ដែរ​ បើ​អ្នក​មិន​ចំណាយ​ទេ ​ផល​ទាំង​ឡាយ ​ក៏​មិន​រត់​មក​រក​អ្នក​ដោយ​ស្រួល​ដែរ។ ​ចង់​ដឹង​មែន​ទេ​ថា ​តើ​ការ​ធ្វើ​ទំនាក់ទំនង​មាន​ប្រយោជន៍​អ្វី​ខ្លះ អ្នក​អាច​​ចំណាយ​ពេល​អាន​ចំណុច​ខាង​ក្រោម​បាន។
១. ​ក្លាយ​ជា​មនុស្ស​សកម្ម ជឿ ​ដែរ​ឬ​ទេ​ថា ​គ្រាន់​តែ​ធ្វើ​ឲ្យ​ខ្លួន​អ្នក​ក្លាយ​ជា​មនុស្ស​សកម្ម ​ក៏​ផ្ដល់​ផល​ប្រយោជន៍​ដល់​អ្នក​ដែរ។ ​អ្នក​គ្រាន់​តែ​​ចេញ​ទៅ​ក្រៅ​ ចូលរួម​ពិធី​នានា​ ស្គាល់​មនុស្ស​ទូទៅ​ អាច​ចាត់​ទុក​ថា ​ជា​ជំហាន​ដំបូង​ក្នុង​ការ​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ និង​ជំនួញ​របស់​អ្នក។
២. បើក​ចំហ ការ​បើក​ចំហ​អាច​ឲ្យ​អ្នក​ទទួល​បាន​ ​ព័ត៌មាន​ល្អ​ៗ​បន្ថែម​ទៀត​ ប៉ុន្តែ​អ្នក​ត្រូវ​ចេះ​ចែក​រំលែក​ព័ត៌មាន​ល្អ​ៗ​ដល់​អ្នក​ដទៃ ​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ទៅ​វិញ​ទៅ​មក។
៣. ព័ត៌មាន នៅ​ពេល​ដែល​អ្នក​ឈាន​ជើង​ទៅ​ទំនាក់ទំនង​ជាមួយ​នរណា​ម្នាក់​​ ប្រៀប​ ដូច​ជា ​អ្នក​ត្រៀម​ខ្លួន​ទទួល​យក​ព័ត៌មាន​ថ្មី​រួច​ទៅ​ហើយ​ មិន​ចំពោះ​ថា​ ព័ត៌មាន​នោះ​ផ្ដល់​ផល​ប្រយោជន៍​ដល់​អ្នក ​រហូត​នោះ​ទេ។
៤. ចំណេះដឹង ពេល​ដែល​អ្នក​ទទួល​បាន​ព័ត៌មាន​ច្រើន​  ពី​មនុស្ស​ជុំ​វិញ​ ការ​គិត​របស់​អ្នក​នឹង​​កើន​ឡើង​ដែរ។ ​យ៉ាង​ហោច​ណាស់​ អ្នក​បាន​ដឹង​ថា​មុន​ពេល​ធ្វើ​អ្វី​មួយ​ អ្នក​ត្រូវ​ប្រមូល​ព័ត៌មាន​  ឲ្យ​បាន​កាន់​តែ​ច្រើន​កាន់​តែ​ល្អ​ពី​បញ្ហា​នោះ។​ លើស​ពី​នេះ​ទៅ​ទៀត ​អ្នក​អាច​ពង្រីក​ចំណេះ​ដឹង​បន្ថែម ​លើ​ជំនាញ​ដែល​អ្នក​ចង់​អភិវឌ្ឍន៍​​ និង​អាច​ជួយ​ដល់​អ្នក​ដទៃ​ដែល​អន់​ជាង​អ្នក​។
៥. នាំ​មុខ នៅ​ពេល​ដែល​អ្នក​ពង្រីក​ចំណេះដឹង​ និង​មាន​ព័ត៌មាន​គ្រប់​គ្រាន់​ក្នុង​ដៃ អ្នក​ប្រាក ដ​ជា​អាច​រិះរក​វិធី​ល្អ​ៗ​ក្នុង​ការ​ដឹកនាំ ​ជំនួញ​របស់​អ្នក​ទៅ​រក​ផ្លូវ​វិជ្ជមាន ​ហើយ​វិធី​ទាំង​នោះ​ អាច​ជា​​វិធី​ដែល​អ្នក​ដទៃ​មិន​បាន​គិត​ដល់​ ឬ​មិន​ធ្លាប់​សាក​ល្បង​ពី​មុន​មក​ ហើយ​ការ​ធ្វើ​​​ថ្មី​បែប​​នេះ​អាច​ឲ្យ​អ្នក​នាំ​មុខ​គេ​។
៦.​ ស្គាល់​អ្នក​ដទៃ​ច្រើន នៅ​ពេល​ដែល​អ្នក​ដើរ​ប្រឡូក​ច្រើន​ក្នុង​សង្គម​ អ្នក​នឹង​ជួប​មនុស្ស​ជា​ច្រើន​ ទាំង​មនុស្ស​ជោគ​ជ័យ​ និង​បរាជ័យ​។ ​ហេតុនេះ​អ្នក​អាច​រៀន​ពី​ចំណុច​ជោគជ័យ​ និង​បរាជ័យ​ទាំង​នោះ​មក​ផ្លាស់​ប្ដូរ​ខ្លួន​អ្នក។ ម៉្យាង​វិញ​ទៀត​​​ ការ​ស្គាល់​អ្នក​ដទៃ​ច្រើន​អាច​ផ្ដល់​សញ្ញាណ​វិជ្ជមាន​​ប្រសិន​បើ​អ្នក​ចង់​ ចាប់​ផ្ដើម​ជំនួញ​អ្វី​មួយ​នោះ។
៧. ជំនាញ នៅ​ពេល​ដំបូង​ដែល​អ្នក​ចេញ​ធ្វើ​ទំនាក់ទំនង​អ្នក​ជួប​ទាំង​ការ​លំបាក​ ទាំង​បទពិសោធន៍​ល្អៗ។ ​អ្នក​អាច​បង្កើន​ជំនាញ​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដទៃ​បាន​ និង​បាន​ស្វែង​យល់​ពី​កំហុស​ឆ្គង​ដែល​អ្នក​ធ្លាប់​ធ្វើ​កន្លង​មក​ និង​ព្យាយាម​ជៀសវាង​​ចំណុច​ទាំង​នោះ​។
៨. កិត្តិនាម នៅ​ពេល​ដែល​អ្នក​បាន​ស្គាល់​មនុស្ស​ល្អៗ​ច្រើន​ ​អ្នក​នឹង​មាន​មនុស្ស​ដទៃ​ចង់​ប្រាស្រ័យ​ទាក់ទង ​ចង់​ស្គាល់ និង​ចង់​និយាយ​ជាមួយ​អ្នក​។
៩. ការ​គាំទ្រ នៅ​ពេល​ដែល​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ក្នុង​សង្គម​ហើយ ​អ្នក​នឹង​ទទួល​ការ​គាំទ្រ​រាល់​ពេល​ដែល​អ្នក​នឹង​ធ្វើ​អ្វីមួយ។ ​ការ​គាំ​ទ្រ​ទាំង​នោះ​អាច​ជា​គំនិត​ កម្លាំង​ចិត្ត កម្លាំង​ស្មារតី​ និង​ក៏​អាច​ជា​ថវិកា។
១០. ការ​គោរព​ និង​ជឿ​ជាក់​ខ្លួន​ឯង ការ​ធ្វើ​​ទំនាក់​ទំនង​ច្រើន​ ស្គាល់​មនុស្ស​ដទៃ​ និង​ធ្វើ​ឲ្យ​គេ​ចូល​ចិត្ត​អ្នក​​​ អាច​ជួយ​បង្កើន​ការ​គោរព​រាប់​អាន​ពី​អ្នក​ដទៃ។ ​​ហើយ​នៅ​ពេល​ដែល​អ្នក​ទទួល​ការ​រាប់​អាន​ពី​អ្នក​ដទៃ​អ្នក​នឹង​មាន​ទំនុក​ ចិត្ត​លើ​អ្វី​ដែល​អ្នក​ធ្វើ​ ​ផ្ដល់​ភាព​រីករាយ និង​យល់​ថា​ខ្លួន​ជា​មនុស្ស​ដែល​មាន​តម្លៃ​សម្រាប់​អ្នក​ដទៃ​ស្គាល់​។
ចុះ​ប្រិយមិត្ត​​វិញ​ គិត​យ៉ាង​ម៉េច​ដែរ?​ ម៉េច​មិន​សាកល្បង​ទំនាក់ទំនង​​​ចាប់​ពី​ពេល​ឥឡូវ​​ទៅ!

៦​ចំណុច​យល់​ដឹង​ពី​ស្មារតី​ក្រុម

ក្រុមហ៊ុន​​ ដែល​មានចង្វាក់​ការងារ​ ជា​ក្រុម​ដែល​យល់​ចិត្ត​គ្នា​ រមែង​តែង​​ប្រកប​ដោយ​សក្ដានុពល រីក​ចម្រើន និង​មាន​កម្លាំង​​ចិត្ត​ ជាង​កន្លែង​ការងារ​ដែល​​ដទៃ​។ ​និយោជិក​តែង​​មាន​ទឹក​ចិត្ត​ធ្វើការ​នៅ​កន្លែង​ដែល​មាន​ស្មារតី​ក្រុម​​ ព្រោះ​ពួក​គេ​អាច​ធ្វើ​ការ​ប្រកប​ដោយ​វិជ្ជា​ជីវៈ​ យល់​ចិត្ត​គ្នា​​ និង​មិន​សូវ​មាន​សម្ពាធ​ខ្លាំង។​ ប្រសិន​បើ​ អ្នក​ជា​ប្រធាន​ក្រុម ឬ​នាយក​ក្រុមហ៊ុន​ អ្នក​អាច​រៀប​ចំ​ បែង​ចែក​ការងារ​លក្ខណៈ​ជា​ក្រុម ព្រោះ​​ការងារ​​ ​លក្ខណៈ​​ជា​ក្រុម​បែប​នេះ​ អាច​ឲ្យ​អ្នក​សម្រេច​បាន​រហ័ស​ប្រកប​ដោយ​ប្រសិទ្ធភាព​ ​និង​ទទួល​បាន​ផ្លែ​ផ្កា​ធំធេង​។​ ដូចនេះ​តើ​មាន​វិធី​បែប​ណា ​ដើម្បី​បង្កើត​ស្មារតី​ក្រុម? សាកល្បង​​វិធី​ដែល​ Sabay ​លើក​យក​នេះ​មើល៍​!
១. ប្រាប់​ពី​​គោល​បំណង​សកម្មភាព​​រួម​ដល់​គ្នា។ ក្រុម​ការងារ​អ្នក​​ បង្កើត​​ឡើង​ក្នុង​គោល​បំណង​ជាក់​លាក់​មួយ​ ដូច្នេះ​ត្រូវ​ប្រាប់​គ្រប់​សមាជិក​ឲ្យ​បាន​ដឹង​ពី​គោល​ដៅ​រួម​របស់​ក្រុម ដើម្បី​ឲ្យ​គេ បាន​យល់​ច្បាស់​ថា​ តើ​ការងារ​ដែល​គេ​ធ្វើ​គឺ​ដើម្បី​សម្រេច​អ្វី។​ ក្រោយ​ពី​បាន​ដឹង​ពី​គោល​បំណង​ក្រុម​ហើយ​ អ្នក​អាច​សុំ​យោបល់​ពី​សមាជិក​ក្រុម​ទាំង​អស់​ឲ្យ​បញ្ចេញ​មតិ​ ទៅ​លើ​ផែនការ​សកម្មភាព ​និង​គោល​បំណង​តូចៗ​ដែល​អាច​ជួយ​សម្រេច​គោល​ដៅ​រួម។
២. បង្ហាញ​គ្រប់​សមាជិក​ឲ្យ​ដឹង​ពី​សារៈសំខាន់​នៃ​ស្មារតី​ក្រុម។ អ្នក​អាច​ពន្យល់​ដល់​សមាជិក​ទាំង​អស់​ឲ្យ​បង្កើន​ការ​ប្ដេជ្ញា​ចិត្ត និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ភាព​រីករាយ​ និង​ថាមពល​ធ្វើការ​ជា​ក្រុម។
៣.​ បែងចែក​តួនាទី​សមាជិក​ក្រុម​ឲ្យ​បាន​ច្បាស់។ បើ​គ្មាន​ការ​បែង​ចែក​ការងារ​ច្បាស់​លាស់​ក្រុម​មួយ​មិន​អាច​ដើរ​ទៅ​មុខ​ដោយ ​រលូន​នោះ​ទេ។ ការ​បែង​ចែក​ការងារ​អាច​ជួយ​ឲ្យ​សមាជិក​ទាំង​ទាំង​អស់​ដឹង​ពី​ការងារ​ និង​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន​ ដូច​ជា​ អ្នក​ដឹកនាំ អ្នក​ទំនាក់​ទំនង​ អ្នក​ផ្ដល់​ប្រឹក្សា​ និង​អ្នក​អនុវត្ត​គម្រោង​ការ​ជាដើម។
៤. ត្រូវ​ឲ្យ​តម្លៃ​សមាជិក​ទាំង​អស់​ស្មើ​គ្នា​ នៅ​ពេល​ដែល​គេ​បំពេញ​ការងារ​បាន​ល្អ។ ធម្មតា ​នៅ​ពេល​ដែល​មិត្ត​រួម​ក្រុម​ធ្វើ​ការងារ​មួយ​បាន​ល្អ ​សមាជិក​ក្នុង​ក្រុម​តែង​មាន​សេចក្ដី​រំភើប​ និង​ចង់​ធ្វើ​ការងារ​​ព្រោះ​ខ្លួន​ជា​មនុស្ស​ម្នាក់​ក្នុង​ក្រុម​ខ្លាំង​នោះ ​។ ផ្ទុយ​ទៅ​វិញ​បើ​​អ្នក​ដឹកនាំ​ត្រូវ​ដង​ត្រូវ​ផ្លែ​ជាមួយ​ជន​មួយ​ចំនួន​នោះ​ អាច​ឲ្យ​សមាជិក​បាត់​បង់​ជំនឿ​ចិត្ត​ និង​លែង​ចង់​បំពេញ​ភារកិច្ច​របស់​ខ្លួន​តទៅ​មុខ​ទៀត។
៥. ​ផ្ដល់​ធនធាន​គ្រប់​គ្រាន់​ដល់​សមាជិក​ដើម្បី​សម្រេច​គោល​ដៅ​រួម។ ធនធាន​ជា​រឿង​ដ៏​សំខាន់​ បើ​គ្មាន​ធនធាន​គ្រប់​គ្រាន់​ក្នុង​ការ​បំពេញ​ការងារ ​នោះ​​លទ្ធផល​ដែល​ទទួល​បាន​ក៏​ប្រាកដ​ជា​មាន​ដែន​កំណត់​ដែរ។
៦. ដោះស្រាយ​ជម្លោះ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​។ ទោះ​បី​ជា​ក្រុម​ការងារ​របស់​អ្នក​ធ្វើ​ការ​ដោយ​រលូន​ និង​អភិវឌ្ឍន៍​យ៉ាង​ណា​ក៏​ដោយ ​ជម្លោះ​រមែង​កើត​មាន​មិន​អាច​ជៀស​ផុត។ ប្រសិន​បើ​ជម្លោះ​នោះ​ជា​ជម្លោះ​ដើម្បី​ស្ថាបនា​ដូច​ជា​ការ​បញ្ចេញ​គំនិត​ ល្អៗ​ដែល​មាន​ហេតុ​ផល​ប្រឆាំង​គ្នា​ អ្នក​អាច​ទទួល​យក​បាន។ ប៉ុន្តែ​ប្រសិន​បើ​ជា​ជម្លោះ​បែប​ហិង្សា​ត្រូវ​រិះ​រក​វិធានការ​បន្ទាន់​ដោយ ​មិន​ត្រូវ​កាន់​ជើង​ម្ខាង​ៗ​នោះ​ទេ គឺ​ត្រូវ​កាត់​សេចក្ដី​ដោយ​រក​ដំណោះ​ស្រាយ​មួយ​ដ៏​សមស្រប​សម្រាប់​ភាគី​ទាំង ​សង​ខាង។

ធ្វើ​​​ម៉េច ​បើ​ឡើង​និយាយ​ចេះ​តែ​ភ័យ​?

ការ​ឡើង​ធ្វើ​បទ​បង្ហាញ​លើក​ដំបូង​អាច​ជា​ការ​លំបាក និង​មាន​ការ​ភិតភ័យ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ គ្រាន់​តែ​អ្នក​ខ្លះ​មាន​តិច​និង​​ច្រើន​ប៉ុណ្ណោះ​។​ មនុស្ស​មួយ​ចំនួន​ទោះ ​បី​ជា​អនុវត្ត​ការ​ធ្វើ​បទ​បង្ហាញ​ច្រើន​​​លើក​ច្រើន​សារ​ យ៉ាង​ណា​ក៏​ដោយ​​ ក៏​នៅ​តែ​មិន​អាច​ជម្នះ​ការ​ភ័យ​របស់​ខ្លួន​បាន។ អញ្ចឹង!​ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ទៅ​ ទើប​អាច​យក​ឈ្នះ​បាន​? Sabay ​សូម​លើក​យក​​​​នូវ​ចំណុច​មួយ​ចំនួន ​ដែល​អាច​ជួយ​ប៉ះ​ប៉ូវ​ចំណុច​ខ្សោយ​របស់​អ្នក។

១. អនុវត្ត​មុន​ពេល​ធ្វើ​បទ​បង្ហាញ​ឲ្យ​បាន​ច្រើន
ការ​ហាត់​និយាយ​ម្នាក់​ឯង​ អាច​ឲ្យ​អ្នក​​យល់​កាន់​តែ​ច្បាស់​ពី​ប្រធានបទ​ ដែល​ត្រូវ​ធ្វើ​បទ​បង្ហាញ និង​បង្កើន​ជំនឿ​ចិត្ត​របស់​ខ្លួន។
២. គេង​ឲ្យ​បាន​ច្រើន​តាម​អាច​ធ្វើ​ទៅ​បាន
បើ​អ្នក​មាន​ពេល​វេលា​គ្រប់​គ្រាន់​មិន​ជាប់​រវល់​ការងារ​ អ្នក​គួរ​តែ​សម្រាក​ឲ្យ​បាន​៩​ម៉ោង​ មួយ​ថ្ងៃ​មុន​ការ​ធ្វើ​បទ​បង្ហាញ។ ការ​សម្រាក​បាន​គ្រប់​គ្រាន់​ជួយ​អ្នក​មិន​ឲ្យ​ងងុយ​ ឬ​អារម្មណ៍​មិន​មូល​នៅ​ពេល​ឡើង​និយាយ ហើយ​អ្នក​នឹង​មិន​ស្ងាប​មុខ​អ្នក​ស្ដាប់។
៣. ទៅ​កន្លែង​ដែល​ត្រូវ​ធ្វើ​បទ​បង្ហាញ​មុន​ម៉ោង
ការ​ទៅ​មុន​ម៉ោង​អាច​ឲ្យ​អ្នក​មាន​ឱកាស​ដើរ​ជុំ​វិញ​ និង​បាន​ស្គាល់​កន្លែង​បាន​ច្បាស់លាស់​ និង​មាន​អារម្មណ៍​ថា​​កន្លែង​នោះ​ប្រៀប​ដូច​ជា​ផ្ទះ​របស់​អ្នក​​ដែរ។
៤. សរសេរ​ចំណុច​សំខាន់ៗ​ដាក់​ក្នុង​ក្រដាស​តូច​មួយ
ធ្វើ​ដូច​នេះ​អាច​ធានា​បាន​ថា​អ្នក​នឹង​មិន​ភ្លេច​ចំណុច​ សំខាន់ៗ​ដែល​អ្នក​ចង់​បង្ហាញ​ដល់​អ្នក​ស្ដាប់​ និង​មិន​ចាំ​បាច់​នឹក​ដែល​អាច​រំខាន​ដល់​ការ​ធ្វើ​បទ​បង្ហាញ​របស់​អ្៥. ស្ដាប់​តន្ត្រី​ ឬ​អាន​ពាក្យ​ស្លោក​ល្បី​ៗ​មុន​ពេល​ធ្វើ​បទ​បង្ហាញ
ហេតុអ្វី​អ្នក​ចាំ​បាច់​ត្រូវ​ធ្វើ​ដូច្នេះ? ព្រោះ​ដើម្បី​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ធូរ​ស្បើយ​ពី​ភាព​តានតឹង​ទាំង​ឡាយ និង​បង្កើន​ទំនុក​ចិត្ត​ផង​ដែរ។
៦. កំណត់​ថា​នរណា​ជា​អ្នក​ចូល​រួម​ស្ដាប់​ក្នុង​បទ​បង្ហាញ​នេះ
ការ​កំណត់​អ្នក​ចូល​រួម​បាន​ច្បាស់​ អាច​ឲ្យ​អ្នក​ប្រើ​ពាក្យ​ពេចន៍​ត្រឹមត្រូវ​ តាម​ឋានៈ និង​កម្រិត​ការ​អប់​រំ​ដែល​ពួក​គាត់​មាន។
៧. ផឹក​ទឹក​បន្តិច​មុន​ពេល​ចាប់​ផ្ដើម
ការ​ផឹក​ទឹក​អាច​ជួយ​​សម្អាត​ជាតិ​ស្អារ​ក្នុង​បំពង់​ក​ ដូច្នេះ​អ្នក​អាច​បញ្ចេញ​សំឡេង​លឺ​ៗ និង​ច្បាស់​ៗ​ដល់​ទស្សនិកជន។
៨. ត្រូវ​ដើរ​ទៅ​ក្រោយ​ទូ​វេទិកា[Podium]
ការ​ធ្វើ​បទ​បង្ហាញ​លើក​ដំបូង​ពេល​ខ្លះ អ្នក​នៅ​តែ​មាន​ការ​ភិតភ័យ​ ដូច្នេះ​ដើម្បី​ជៀសវាង​កុំ​ឲ្យ​ប្រិយមិត្ត​ក្នុង​បទ​បង្ហាញ​ឃើញ​រូបរាង​ញ័រ​ របស់​អ្នក ​អាច​ចូល​ទៅ​ឈរ​ក្រោយ​តុ​វេទិកា​ដើម្បី​បិទបាំង​ការ​បាត់​ទំនុក​ចិត្ត​នៅ​ ពេល​ដែល​មាន​អារម្មណ៍​ស្ទាក់​ស្ទើរ​។
៩. ប្រើ​ខ្សែ​ភ្នែក​សម្លឹង​អ្នក​ចូលរួម
ការ​ប្រើ​ក្រសែ​ភ្នែក​សម្លឹង​អ្នក​ចូល​រួម​មាន​ន័យ​ថា​អ្នក ​យក​ចិត្ត​ទុក​ដាក់​លើ​ពួក​គេ​ ប៉ុន្តែ​វា​ជា​ការ​ពិបាក​បើ​អ្នក​ភ័យ​ខ្លាច​ច្រើន។ អញ្ចឹង​ធ្វើ​ដូចម្ដេច​ទើប​អាច​សម្លឹង​អ្នក​ចូល​រួម​បាន​ បើ​​អ្នក​ខ្លាច​ម្ល៉ឹង​ៗ? វិធី​ងាយ​ៗ​ដែល​អ្នក​​គួរ​ធ្វើ គឺ​ត្រូវ​ជ្រើស​រើស​មនុស្ស​ដែល​មាន​ទឹក​មុខ​រួស​រាយ​រាក់​ទាក់​ និង​ព្យាយាម​សម្លឹង​ទៅ​អ្នក​ទាំង​នោះ​រាល់​ពេល​ដែល​អ្នក​ចង់​ប្រើ​ក្រសែ​ ភ្នែក​ដើម្បី​បញ្ជាក់​ថា​អ្នក​ចាប់​អារម្មណ៍​លើ​ពួក​គេ។ ម៉េច​ដែរ​​ប្រិយមិត្ត ភ័យ​ទៀត​អត់​​ពេល​ធ្វើ​បទ​បង្ហាញ?

ធ្វើ​ម៉េច​បើ​ចេះ​តែ​ភ្លេច​ចឹង?

ភាព​ភ្លេច​ភ្លាំង​ជា​រឿង​ធម្មតា​ ប៉ុន្តែ​ការ​ភ្លេច​ភ្លាំង ​ការងារ​សំខាន់​អាច​ឲ្យ​អ្នក​ជួប​បញ្ហា​ធំៗ​បះសក់​​តែ​ម៉ង​។ ពេល​ខ្លះ​ អ្នកបន្ទោស​ខ្លួន​ឯង​ថា​ ក្មេង​សោះ​មិន​សម​ភ្លេច​ចឹង​សោះ! និង​ពេល​ខ្លះ​ទៀត​ អ្នក​រក​នឹក​អ្វី​ដែល​អ្នក​​ចង់​និយាយ​មុន​នេះ​បន្តិច​មិន​ឃើញ​ និង​ខឹង​សម្បារ​នឹង​ខ្លួនឯង។ ដើម្បី​ឲ្យ​អ្នក​មាន​ការ​ចង​ចាំ​ល្អ​ អ្នក​ត្រូវ​បង្វឹក​ខួរ​ក្បាល​របស់​អ្នក។ ការ​បង្វឹក​ខួរ​ក្បាល​នេះ​ មិន​មែន​ជា​រឿង​ងាយ​នោះ​ទេ​ ដូច្នេះ​ត្រូវ​ចាប់​ផ្ដើម​​ឲ្យ​បាន​ត្រឹម​ត្រូវ​។
១. អាយុ
ការ​ចង​ចាំ​ជា​អ្វី​ ដែល​អ្នក​ត្រូវ​ប្រើ​ជា​រៀង​រាល់​ថ្ងៃ បើ​មិន​ដូច្នេះ​ទេ​អ្នក​មិន​អាច​សម្រេច​ការងារ​ទាន់​ពេល​ឡើយ​។ ​ខួរ​ក្បាល​ពិត​ជា ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ ប៉ុន្តែ​វា​ អាច​នឹង​សឹក​រេចរឹល​ប្រសិន​ បើ​មិន​​ថែរក្សា​ឲ្យ​បាន​ត្រឹម​ត្រូវ។ ដូច្នេះ​ វា​អាស្រ័យ​ទៅ​លើ​ខ្លួន​អ្នក​ ជា​អ្នក​ហ្វឹក​ហាត់​ខួរ​ក្បាល​ឲ្យ​ធ្វើការ​ដល់​ចំណុច​អតិបរមា​របស់​វា។ ​ចំណុច​មួយ​ ដែល​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ខ្សោយ​​នេះ​ អាច​បណ្ដាល​មក​ពី​វ័យ​ចំណាស់ និង​ការ​ប្រែប្រួល​អ័រម៉ូន​ស្ត្រី។​ ​ប៉ុន្តែ​មនុស្ស ​ដែល​មាន​វ័យ​ក្មេង​ក៏​អាច​មាន​ការ​ប៉ះពាល់​ផង​ដែរ ដោយ​សារ​ ការ​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សុខភាព​រាង​កាយ​ ឬ​ក៏​មិន​​ភាព​ខ្ជិល​ច្រអូស​ទាក់​ទង​នឹង​ការ​គិត​ និង​ធ្វើ​អ្វី​ៗ​ផ្សេងៗ។ ដូច្នេះ ​ត្រូវ​ថែរក្សា​សុខភាព​របស់​អ្នក​កុំ​ឲ្យ​ទ្រុឌ​ទ្រោម​ទៅ​តាម​អាយុ។
២. ធ្វើ​ការងារ​សិល្បៈ
ជំហាន​ដំបូង​ គឺ​ត្រូវ​ធ្វើ​អ្វី​ដោយ​ការ​គិត​របស់​អ្នក។ ​ព្យាយាម​ធ្វើ​អ្វី​ស្រួល​ៗ​ដែល​ខុស​ពី​ធម្មតា។ ឧទាហរណ៍​ ដូច​ជា​ ធម្មតា​អ្នក​ទទួល​ទូរស័ព្ទ​ដោយ​ដៃ​ស្ដាំ អ្នក​អាច​ប្ដូរ​មក​ប្រើ​ដៃ​ឆ្វេង​ជំនួស​វិញ។ អ្នក​អាច​ ធ្វើ​ដូច​នេះ​ចំពោះ​គ្រប់​រឿង​ដែល​អ្នក​ធ្វើ​ វា​អាច​មាន​អារម្មណ៍​ថា​ ឆ្គង​នៅ​ពេល​ដំបូង​​ ប៉ុន្តែ​ខួរ​ក្បាល​អ្នក ​នឹង​ដំណើរ​ការ​ខ្លាំង​​នៅ​ពេល​ដែល​អ្នក​ធ្វើ​ដូច​នោះ។
ចំណុច​មួយ​ផ្សេង​ទៀត​ គឺ​សាកល្បង​ធ្វើ​អ្វី​ដែល​អ្នក​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក នឹង​អាច​ជំរុញ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​ប្រឹង​ខ្លាំង​ឡើង។ មិន​កំណត់​ថា​ការងារ​នោះ​ ទាក់​ទង​ទៅ​នឹង​អារម្មណ៍ កាយសម្ព័ន្ធ ឬ​ទាំង​ពីរ​នេះ​លាយ​បញ្ចូល​គ្នា​ទេ​​​ដូច​ជា​ ការ​ហាត់ប្រាណ​បែប​យូហ្គា លេង​អុក វាយ​តិន្នីស គូរ​គំនូរ​សិល្បៈ។ល។
៣. ធ្វើ​ចិត្ត​ឲ្យ​ស្ងប់
ការ​រៀន​ជា​គន្លឹះ​ដ៏​ចម្បង​ក្នុង​ការ​ហ្វឹកហាត់​​ខួរ​ក្បាល​ឲ្យ​មាន​ការ​ចង ​ចាំ​ខ្ពស់។​ អ្នក​អាច​សាកល្បង​​កែ​លម្អ​ការ​ចង​ចាំ​របស់​អ្នក​ដោយ​ការ​ធ្វើ​អ្វី​មួយ​ដោយ ​បិទ​ភ្នែក។ ឧទាហរណ៍​ដូច​ជា ​សាកល្បង​បិទ​ភ្នែក​ស្លៀកពាក់​ខោអាវ ​ស្បែក​ជើង​ និង​ស្រោម​ជើង​ដូច​ជា​អ្នក​ជា​មនុស្ស​ពិការ​ភ្នែក​ដូច្នោះ​ដែរ។
ការ​អាន​ជា​វិធី​ដ៏​ល្អ​មួយ​ទៀត​ដើម្បី​បង្កើន​ការ​ចងចាំ​របស់​អ្នក​ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​អាន​អ្វី​ដែល​​អ្នក​មិន​ធ្លាប់​ជួប​។ ហើយ​ប្រសិន​បើ​អ្នក​រស់​នៅ​ក្នុង​បរិស្ថាន​ដែល​មាន​ភាព​ស្ងប់​ស្ងាត់​​នោះ​ រឹត​តែ​អាច​ឲ្យ​អ្នក​មាន​ការ​ចងចាំ​ល្អ​​ថែម​ទៀត​។
៤. ធ្វើ​លំហាត់​ប្រាណ
លេង​​ល្បែង​ នានា​ជា​លក្ខណៈ​ប្រស្នា​។ ​ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ ឲ្យ​​អ្នក​ហ្វឹកហាត់​ដុស​ខាត់​ខួរ​ក្បាល​ដោយ​ការ​គិត​។ និង​ចុង​ក្រោយ​បង្អស់​ គឺ​ការ​ហាត់​ប្រាណ។ ត្រូវ​ចាំ​ថា​ ខួរ​ក្បាល​គ្រប់គ្រង​រាង​កាយ​ទាំង​មូល​របស់​អ្នក ដូច្នេះ​នៅ​ពេល​ដែល​អ្នក​ធ្វើ​លំហាត់​ប្រាណ​ខួរ​ក្បាល​អ្នក​នឹង​ប្រឹង​​ធ្វើ ​ការ​ដូច​គ្នា។
តោះ​!​ សាក​ល្បង​ធ្វើ​ទាំង​អស់​គ្នា​ដើម្បី​ឲ្យ​ការ​ចងចាំ​អ្នក​ និង​ខ្ញុំ​ល្អ​ជាង​នេះ។

ម៉េច​ចាយ​សល់​ថ្ងៃ​រហូត​ចឹង?

ការ​គ្រប់គ្រង ​ការ​ចំណាយ ​ជា​ការងារ​ដ៏​ពិបាក​មួយ​​ ប្រសិន​បើ​អ្នក​មិន​ធ្លាប់​ អនុវត្ត​​ដោយ​ប្រុង​ប្រយ័ត្ន​ទេ​នោះ។ អ្នក​ខ្លះ ​ទើប​បើក​ប្រាក់​ខែ ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​សោះ​ ស្ទើរ​ដាច់​បាយ​ទៅ​ហើយ​ ដោយ​សារ​មាន​កម្មវិធី​ដើរ​ផឹក​ស៊ី​ ទិញ​នេះ​ ទិញ​នោះ​ស្ទើរ​រាល់​ថ្ងៃ។ ​សាក​ល្បង​ កាត់​បន្ថយ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់អ្នក​ ​ទៅ​លើ​របស់​របរ​តូចតាច ​មិន​សំខាន់​មួយ​ចំនួន​ពី​ពេល​ឥឡូវ​នេះ​ទៅ​មើល៍!
១.​ វិភាគ​ទៅ​លើ​ប្រាក់​ចំណាយ​​ថា​ តើ​អ្នក​ចំណាយ​ប្រាក់​ទាំង​នោះ​ទៅ​លើ​អ្វី​ខ្លះ។ ​ត្រូវ​កំណត់​ពី​កន្លែង​ ចាយ​វាយ​នានា​ដែល​អ្នក​បាន​ធ្វើ​ជា​​ប្រចាំ។
២. ញ៉ាំ​អាហារ និង​ផឹកស៊ី​នៅ​ផ្ទះ​ឲ្យ​បាន​ច្រើន ។ ​ប្រសិន​បើ​អ្នក​ចេញ​ទៅ ​ផឹក​កាហ្វេ​ខាង​ក្រៅ​មួយ​ថ្ងៃ​ពីរ​ ឬ​បី​ដង​ និង​កុម្ម៉ង់​អាហារ​មក​ញ៉ាំ​នៅ​ផ្ទះ​ស្ទើរ​រាល់​ថ្ងៃ អ្នក​អាច​បន្ថយ​ការ​ផឹក​កាហ្វេ​របស់​អ្នក​មក​ត្រឹម​២​ថ្ងៃ​ម្ដង ឬ​មួយ​សប្ដាហ៍​ម្ដង​ និង​ចាប់​ផ្ដើម​ចម្អិន​ម្ហូប​ខ្លួន​ឯង​នៅ​ផ្ទះ​ជំនួស​វិញ។
៣. មិន​ត្រូវ​ប្រើ​យាន​ជំនិះ​របស់​អ្នក​ច្រើន​ពេក​ទេ។ ​អ្នក​ខ្លះ​ពេល​ទំនេរ​ តែង​ជិះ​ម៉ូតូ​ ឬ​ឡាន​លំហែ ​មើល​គេ​មើល​ឯង​ញឹក​ញាប់។​ អ្នក​អាច​សាកល្បង​ កាត់​បន្ថយ​​សកម្មភាព​នេះ​ ប្រសិន​បើ​​មិន​សូវ​សំខាន់​ ឬ​អាច​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ចំពោះ​កន្លែង​ជិត​ៗ។​ ធ្វើ​បែបនេះ​ អាច​កាត់​បន្ថយ​ការ​ចំណាយ ​ហើយ​ផ្ដល់​ឲ្យ​អ្នក ​នូវ​លំហាត់​ប្រាណ​ងាយ​ៗ​​ដូច​ជា​ការ​ដើរ​នេះ​ដែល​ជួយ​ដល់​សុខភាព​អ្នក។
៤. ការ​បន្ថយ​ការ​ចំណាយ​លើ​ការ​ប្រើប្រាស់​ក្នុង​ផ្ទះ។ ​បើ​មាន​សម្ភារៈ​ក្នុង​ផ្ទះ​ខូច​ មិន​ត្រូវ​រត់​រក​ជាង​រាល់​ពេល​នោះ​ទេ​ នៅ​ពេល​ដែល​​អ្នក​អាច​ធ្វើ​​ដោយ​ខ្លួន​ឯង​បាន។ ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ភ្លើង​ ដោយ​អ្នក​អាច​បើក​កង្ហារ​ ឬ​ម៉ាស៊ីន​ត្រជាក់​នៅ​ពេល​ថ្ងៃ​ក្ដៅ​បាន​ហើយ​ និង​បិទ​នៅ​ពេល​ត្រជាក់​។
៥. មិន​ត្រូវ​ទិញ​សំលៀកបំពាក់​ញឹកញាប់​ពេក​​ទេ។ ​អ្នក​អាច​ងាក​មក​ទិញ​សំលៀកបំពាក់​យូរ​ៗ​ម្ដង ឬ​ទិញ​ខោអាវ​ជជុះ​ក្បាល​គីប​ដែល​គុណភាព​គឺ​ល្អ​មិន​ចាញ់​ខោអាវ​ថ្មីៗ​ប៉ុន្មាន​នោះ​ទេ។
៦. បើ​ជក់​បារី ឬ​ផឹក​ស្រា​ត្រូវ​កាត់​បន្ថយ​ ឬ​បញ្ឈប់។ អ្នក​អាច​សាក​ល្បង​និយាយ​ជាមួយ​ខ្លួន​ឯង​ថា​របស់​អស់​ហ្នឹង​អ្នក​មិន​ប្រើ​ ក៏​គ្មាន​បញ្ហា​ដែរ លើស​ពី​នេះ​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​ខូច​សុខភាព​ទៀត​ផង។
ធ្វើ​ដូច​ការ​រៀបរាប់​ខាង​លើ ​ប្រហែល​​ជា​​ អ្នក​នឹង​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​អ្នក​ឃើញ​ការប្រែប្រួល​ទៅ​លើ​​ការ​ចំណាយ​ ប្រចាំ​ខែ​របស់​អ្នក​បាន៕