News

Facebook​បាន​សមាជិក​ថ្មី!

ក្រុមហ៊ុន​បណ្តាញ​ទំនាក់​ទំនង​សង្គម​យក្ស​ Facebook កំពុង​តែ​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ ហើយ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ Digital Staircase បាន​សរសេរ​នៅ​លើ​ Blog របស់​ខ្លួន​ថា​ ខ្លួន​នឹង​ចូលរួម​ការ​ងារ​ជាមួយ​ Facebook ដែល​ធ្វើ​ឲ្យ​ Facebook ទទួល​បាន​សមាជិក​ថ្មី​មួយ​ទៀត។
Digital Staircase នឹង​នាំ​យក​រាល់​របក​គំហើញ និង​បច្ចេកវិទ្យា​​ទាក់​ទង​នឹង​រូបភាព និង​វីដេអូ​ទៅ​កាន់​ Facebook។ ប៉ុន្តែ​យោង​តាម​គេហទំព័រ Techcrunch បាន​ឲ្យ​ដឹង​ថា​ Digital Staircase នឹង​ធ្វើ​ការ​ជាមួយ Facebook ប៉ុន្តែ​ Facebook មិន​បាន​ទិញ​យក​បច្ចេកវិទ្យា​ណា​មួយ​ពី​ក្រុម​នេះ​ឡើយ។
នៅ​ថ្ងៃ​ទី ០៥ ខែ​ធ្នូ​ ឆ្នាំ ២០១១ ខាង​មុខ​នេះ Digital Staircase នឹង​ដក​ចេញ​រាល់​កម្មវិធី​សម្រាប់ iOS ពី​ក្នុង​ iTunes Store របស់​ក្រុមហ៊ុន Apple។ ប៉ុន្តែ​ចំពោះ​អតិថិជន ដែល​កំពុង​ប្រើប្រាស់​កម្មវិធី​របស់ Digital Staircase អាច​រក្សា​ការ​ប្រើ​ជា​ធម្មតា​បាន។
គួរ​បញ្ជាក់​ផង​ដែរ​ថា Digital Staircase បាន​បង្កើត​កម្មវិធី​ជា​ច្រើន​សម្រាប់ ថត​វីដេអូ រចនា​រូបភាព និង​ផ្សេង​ៗ​ទៀត។ ជាក់​ស្តែង​ដូចជា​កម្មវិធី MovieCam ដែល​ប្រើ​នៅ​លើ iPad និង​​ជា​កម្មវិធី​សម្រាប់ iOS app គឺ​ជា​កម្មវិធី​មួយ​ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ពង្រីក​រូបភាព​បាន​ ៨ ដង អាច​ចង់​ផ្អាក ឬ​បន្ត​បាន​យ៉ាង​ងាយ​ស្រួល ហើយ​មាន​សមត្ថភាព​​ធ្វើ​ឲ្យ​គុណភាព​វីដេអូ​កាន់​តែ​ល្អ៕

ចិន​ចាប់​អ្នក​លក់​គ្រឿង​ញៀន​តាម​អ៊ីនធឺណិត

សារព័ត៌មាន​ Reuter ដែល​បាន​ដក​ប្រភព​ចេញ​ពី Xinhua បាន​ឲ្យ​ដឹង​ថា​ប៉ូលិស​ប្រទេស​ចិន​បាន​ចាប់​ខ្លួន​មនុស្ស​ប្រមាណ ១២.១២៥ នាក់ នៅ​ពេល​ចូល​មើល​ក្នុង Chat room លក់​គ្រឿង​ញៀន​តាម​អ៊ីនធឺណិត​មួយ និង​បាន​រឹបអូស​ថ្នាំ​ខុស​ច្បាប់​ជាង ៣០០ គីឡូក្រាម។
ការ​ឈាន​ទៅ​ដល់​ចាប់​ខ្លួន និង​រឹបអូស​នេះ​វត្ថុតាង​នេះ​ត្រូវ​បាន​ឡើង​បន្ទាប់​ពី​ប៉ូលិស​បាន​ចូល​ ក្នុង Chat rooms នៅ​ប៉ែក​ខាង​លិច​ទីក្រុង​ចំនួន​ពីរ​គឺ​ Lanzhou និង Xian ដែល​​នេះ​ជា​ប្រភពជួញ​ដូរ​ថ្នាំ​ខុស​ច្បាប់។
មន្ត្រី​ប៉ូលិស​បាន​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​លេង​ថ្មី​អាច​ចូល​ទៅ​ក្នុង Chat room នោះ​បាន​តែ​នៅ​ពេល​មាន​អ្នក​ខាង​ក្នុង​ណែនាំ​ ហើយ​ត្រូវ​ប្រើប្រាស់​ថ្នាំ​តាម webcam ឲ្យ​ពួក​គេ​មើល​ទៀត​ផង។ ប៉ូលិស​ចាប់​ផ្ដើម​មាន​ការ​សង្ស័យ​តាំង​ពី​ដើម​ខែ​កញ្ញា​មក​ម៉្លេះ។ នេះ​បើ​តាម​របាយការណ៍ ហើយ​អ្នក​ចូល​រួម​ក្មេង​ជាង​គេ​បំផុត​​មាន​អាយុ ១៤ ឆ្នាំ។
ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា គេហទំព័រ​ទាំង​នេះ​ត្រូវ​តែ​មាន​ទំនួល​ខុស​ត្រូវ​ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​សកម្មភាព​ខុស​ច្បាប់​បែប​នេះ ហើយ​នៅ​ពេល​នេះ​គេ​កំពុង​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​ដើម្បី​ដោះ​ស្រាយ​ បញ្ហា​បែប​នេះ។
ត្រូវ​ចងចាំ​ថា ឲ្យ​តែ​ប្រព្រឹត្ត​អំពី​ដែល​ផ្ទុយ​ពី​ផ្លូវ​ច្បាប់​មិន​ថា​តាម​អ៊ីនធឺណិត ឬ​នៅ​កន្លែង​ផ្ទាល់​ទេ សុទ្ធ​តែ​មិន​អាច​គេចផុត​ពី​សំណាញ់​ច្បាប់​ឡើយ៕

គន្លឹះ​ជោគជ័យ​សម្រាប់​ការ​សិក្សា IT

ដើម្បី​ជា​ការ​ចែក​រំលែក​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ ដល់​សិស្ស​និស្សិត​ដែល​កំពុង​សិក្សា​មុខជំនាញ​ព័ត៌មាន​វិទ្យា​ឲ្យ​ទទួល​បាន​ ជោគជ័យ សាស្ត្រាចារ្យ​និង​ជា​អ្នក​គ្រប់គ្រង​ផ្នែក​ព័ត៌មាន​វិទ្យា​នៅ​ សាកលវិទ្យាល័យ​ពុទ្ធិសាស្រ្ត​ លន់ ច័ន្ទបូរី បាន​ប្រាប់​ពី​គន្លឹះ​មួយ​ចំនួន​ដើម្បី​ឲ្យ​ការ​សិក្សា​មាន​ភាព​ងាយស្រួល និង​មាន​ប្រសិទ្ធភាព។
តើ​អ្វី​ទៅ​ជា​គន្លឹះ​ដ៏​ជោគជ័យ​ដែល​សាស្ត្រាចារ្យ​រូប​នេះ​ចង់​ចែក​ រំលែក​ដល់​សិស្សានុសិស្ស និង​មិត្តៗ​យុវវ័យ​ដើម្បី​ទទួល​បាន​ជោគជ័យ​សម្រាប់​មុខ​វិជ្ជា​ ព័ត៌មានវិទ្យា?
សាស្ត្រាចារ្យ​ជំនាញ​ព័ត៌មានវិទ្យា បូរី លើក​ឡើង​ថា​ មាន​ចំណុច​ពីរ​យ៉ាង​ដើម្បី​សម្រេច​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា​។ ​ទី​មួយ​គឺ​ត្រូវ​មាន​ចំណេះដឹង​ភាសា​អង់គ្លេស​ដ៏​រឹងមាំ និង​ទី​ពីរ​ត្រូវ​មាន​ការ​ប្រឈម (Challenge)។
លោក​បញ្ជាក់​ថា ដើម្បី​ឲ្យ​ការ​សិក្សា​ទទួល​បាន​ជោគជ័យ និង​ដំណើរការណ៍​ដោយ​រលូន​ និស្សិត​ត្រូវ​តែ​មាន​ចំណេះដឹង​​ភាសា​អង់គ្លេសខ្លាំង​ និង​ត្រូវ​មាន​ភាព Challenge។ “…អង់គ្លេស​ជា​ភាសា​ដ៏​សំខាន់​ និង​ចាំបាច់​បំផុត​ក្នុង​ការ​សិក្សាមុខវិជ្ជាព័ត៌មានវិទ្យា”។ ដូចដឹង​ស្រាប់​ហើយ រាល់​ឯកសារ​សិក្សា​ភាគ​ច្រើន​ជា​ភាសា​អង់គ្លេស ដូច្នេះ​បើ​មិន​ចេះ​អង់គ្លេស​នោះ​ទេ តើ​ត្រូវ​រៀន​​ដោយ​របៀបណា​ទៅដែល​នោះ​ពិត​ជា​រឿង​ដ៏​លំបាក​ស្មុគស្មាញ”។ ម្យ៉ាង​វិញ​ទៀត​ ភាសាអង់គ្លេស​ក្រៅ​ពី​​មាន​គុណប្រយោជន៍លើ​ការ​សិក្សា វា​ក៏​ងាយ​ស្រួល​ពេល​រក​ការងារធ្វើ ហើយ​ណាមួយ​បើ​ចង់​រៀន​នៅ​ស្រុក​ក្រៅ​ក៏​កាន់​តែ​ស្រួលថែម​ទៀត”។
ទន្ទឹម​គ្នា​នោះ​លោក​ឲ្យ​ដឹង​បន្ថែម​ថា អំឡុង​ពេល​សិក្សា និស្សិត​ក៏​ត្រូវ​មានការ​ Challenge ឲ្យ​បាន​ច្រើ​ន​ទើប​ជា​ការ​ល្អ។ តួយ៉ាងនៅ​សាកលវិទ្យាល័យពុទ្ធិសាស្រ្ត ​លោក​បាន​ដាក់​គ្រូ​ជំនាញ​បរទេស​ផ្នែក IT ឲ្យ​ចូល​ទៅ​បង្រៀន ដែល​នេះ​បាន​ធ្វើ​ឲ្យ​និស្សិត​មួយ​ចំនួន​ដែល​ខ្សោយ​ប្រាកដ​ជា​ចាប់​អត់​សូវ​ បាន​នោះ​ទេ។ ប៉ុន្តែ​ចំណាត់​ការ​នេះ​ហើយ ដែល​អាច​ធ្វើ​ឲ្យ​ពួកគេ​មាន​ការ​អភិវឌ្ឍ​ឈានឡើង តាម​រយៈ​ការ​ខិតខំ​ពុះពារ​ការ​លំបាក​ និងព្យាយាម​ស្រាវជ្រាវ​ឯកសារ​ផ្សេងៗ​យក​មក​សិក្សា​បន្ថែមដោយ​ខ្លួន​ឯងដែល​ នេះ​នឹង​ធ្វើ​ឲ្យ​ការសិក្សារ​បស់​ពួកគេ​មាន​ការ​រីកចម្រើន។
លោក​ លន់ ច័ន្ទបុរី បច្ចុប្បន្ន​ជា​សាស្ត្រាចារ្យ និង​អ្នក​គ្រប់គ្រង​ផ្នែក​ព័ត៌មានវិទ្យា​នៅ​សាកលវិទ្យាល័យ​ពុទ្ធិសាស្រ្ត។ នៅ​ឆ្នាំ​២០១១ នេះ​លោក​ទទួល​បាន​សញ្ញាប័ត្រ​ Microsoft Certified Trainer (MCT) ពី Microsoft ។ សម្រាប់​ជីវប្រវត្តិ និង​ព័ត៌មាន​លម្អិត​ផ្សេងៗ Sabay នឹង​លើក​យក​មក​ចុះ​ផ្សាយ​នៅ​ពេល​ក្រោយ​បន្ត​ទៀត៕